Monday, March 7, 2016

ស្អីជាព្រលឹង?

ភាសាសរសេរ និង ភាសានិយាយ សម្រាប់ខ្មែរ នូវតែជាបញ្ហាចំបង។ ស្អី ជាភាសា និយាយ អ្វីជាភាសាសរសេរ។ ចុះព្រលឹង គឺជាអ្វី? ម៉េចបានជាបុព្វបុរសខ្មែរ លោកសរសេរបែបនេះ? ខ្ញុំមិនត្រូវការបកប្រែទេ ដោយសារខ្ញុំជាអ្នកបកប្រែស្រាប់ទៅហើយ។ ក្នុងន័យនេះបានជាខ្ញុំ ស្រាវជ្រាវរកពាក្យ ថាព្រលឹង មានន័យបែបណា?។ ក្រោយការស្រាវជ្រាវ​ ខ្ញុំរកឃើញថា ព្រលឹងជាពាក្យកម្លាយមកពីពាក្យថា ព្រះ លឹង្គ។ កាលជំនាន់ដើម ព្រះលឹង្គ និងព្រះយោនី (នំគម និងនំអន្សម...)គឺជាព្រះរបស់ខ្មែរ។

ខាងក្រោយជាឯកសារអានកន្លងមក

ព្រលឹង
ព្រលឹង (soul, mind)( ន. ) ដំណើរជីវិត; ស្មារតី; វិញ្ញាណ; ស្រីសួស្ដី, សេចក្ដីសុខ, សេចក្ដីចម្រើន...។ ព្រលឹងព្រលះ ព្រលឹងធំតូច គឺស្មារតីធំតូចឬច្រើនតិច (ព. សា.) ។ បបក់ព្រលឹង (ម. ព. បបក់, ទាំងជញ្ជាត់ព្រលឹង និង បញ្ជាប់ព្រលឹង ផង) ។ បាត់ព្រលឹង ដូចគ្នានឹង បាត់វិញ្ញាណ, បាត់ស្មារតី (ម. ព. បាត់) ។ មានព្រលឹង ធាត់, មានសាច់, មានសាច់មានឈាម ។ ពាក្យគួរសមសម្រាប់និយាយចំពោះមនុស្សដែលគួរគោរពឬគួរថ្នម, មនុស្សថ្នាក់ខ្ពស់រហូតដល់សេនាបតី, ចុះមកដល់ក្មេងតូច : ព្រះបាទម្ចាស់ឥឡូវមានព្រលឹងជាងពីដើម ។ល។ ក្មួយអញឥឡូវមានព្រលឹងណាស់ !; (តែបើនិយាយពីក្សត្រិយ៍ធាត់ ត្រូវថា មានព្រះអង្គ, ទាំងបព្វជិតដែលគួរគោរពក៏ថា មានព្រះអង្គ បានដែរ) ។ លស់ព្រលឹង ភ័ន្តថយស្មារតីព្រោះភ្ញាក់ភ័យតក់ស្លុតរន្ធត់ខ្លាំង ។ ហៅព្រលឹង និយាយបូរបាច់ដង្ហោយហៅព្រលឹងឲ្យចូលមកកាន់រូបកាយវិញ (ធ្វើតាមតម្រាព្រាហ្មណ៍) ។ល។
( គុ. ឬ ន. ) ដែលមានស្រីសួស្ដី, ដែលជាទីស្រឡាញ់ស្មើជីវិត; អ្នកថ្លៃ, មាសថ្លៃ...។ ពាក្យសម្រាប់ហៅមនុស្សជាទីស្រឡាញ់ដោយសេចក្ដីថ្នមចិត្ត : កែវព្រលឹង ឬ ព្រលឹងកែវ, ប្អូនព្រលឹង, មាសព្រលឹង ឬ ព្រលឹងមាស, ព្រលឹងបង, ស្ងួនព្រលឹង ។ល។ (ច្រើនប្រើក្នុងកាព្យ) : ស្ដេចថាហៃព្រលឹង ចុះប្អូនខឹងអ្វីនឹងបង បើមានក្ដីមោះហ្មង ម្ដេចនួនល្អងនាងមិនប្រាប់ ។



អាត្ម័ន ( ន. ) 
(អាត្មន៑; អត្ត) អាត្មា (ខ្លួន; ចិត្ត) ។ តាមលទ្ធិខ្លះប្រែថា “ព្រលឹង” ក៏មាន, គេនិយាយថា : ក្នុងរូបយើងមានអាត្ម័ន, កាលណាយើងដេកលក់ស៊ប់, ចួនកាលអាត្ម័នចេញពីរូប ត្រាច់ចរទៅខាងក្រៅ, លុះដល់វេលា ទើបវិលត្រឡប់ចូលមកក្នុងរូបវិញ (គេថា ព្រលឹងតូច ព្រលឹងធំ តាមទម្លាប់ជឿ) ។ ព. កា. សម្រាប់ឲ្យងាយចាំថា : អាត្ម័នអាត្មា ទោះប្រើពាក្យណា ក៏បានដូចគ្នា ទាំងពាក្យអត្តា នេះឯងក៏ជា ពាក្យមានន័យថា ចិត្តឬខ្លួនប្រាណ ។ តាមពិតសម្ដី ទាំងពីរទាំងបី នេះមានសន្តាន ប្រភពកំណើត កើតពីដើមធាន អទ៑-ធាតុដែលមាន ន័យប្រែថាស៊ី ។ ស៊ីសុខស៊ីទុក ស៊ីអ្វីគ្រប់មុខ ស៊ីឥតរើសទី អត្តាហ្នឹងឯង ចេញទែងខាងស៊ី ដែលហៅថាស៊ី គឺរងអារម្មណ៍ ។ អារម្មណ៍គ្រប់មុខ ទោះសុខទោះទុក្ខ ចេះតែសន្សំ ទោះអរទោះខឹង ទោះខ្ជិលទោះខំ ត្រជាក់ក្ដៅងំ ចេះតែទទួល។ (ម. ព. អត្ត, អាត្ម, អាត្មា ផង) ។


ប្រវត្តិទង់ព្រលឹង ឬ ទង់ក្រពើ

កាលណាមានមនុស្សស្លាប់ គេតែងយកទង់ក្រពើទៅចងនៅពីមុខផ្ទះ ឬ ទីណាមួយ ដែលបងប្អូនញាតិមិត្តជិតឆ្ងាយអាចមើលឃើញ។ គ្រួសារខ្មែរខ្លះនៅប្រកាន់ទំនៀមទម្លាប់កប់សាកសព ២ ឬ ៣ឆ្នាំ គេតែងចងទង់ក្រពើនៅក្បែរផ្នូរខ្មោច រហូតដល់ទង់នោះដាច់រហែកដោយខ្លួនឯង។ ជួនកាល នៅពេលធ្វើបុណ្យខួបសាកសព គេក៏អាចយកទង់នោះទៅចង់នៅក្បាលផ្នូរបានដែរ។ AEC Press សូមលើកយករឿងទី២ មកអត្ថាធិប្បាយជូនជាបន្ត។ តើការដោតទង់ក្រពើនេះមានអត្ថន័យយ៉ាងណា? ហើយមានដំណើររឿងយ៉ាងណា?
នៅរាជ្យព្រះបាទអង្គចន្ទទី២ ដែលកាលនោះរាជធានីតាំងនៅឧដុង្គ ព្រះអង្គមានបុត្រីមួយអង្គប្រកបដោយរូបល្អ ព្រះនាមព្រះអង្គម្ចាស់ក្សត្រីក្រពុំឈូក។ ប៉ុន្តែនៅពេលព្រះនាងក្រពុំឈូកមានព្រះជន្ម ១៦ព្រះវស្សា ក៏ត្រូវបានសត្វក្រពើដ៏ធំមួយឈ្មោះអាធន ដែលបានដំណែងខ្លួនពីនាងមួយអង្គឈ្មោះនាងធន ចាប់លេបទាំងរស់។
៧ថ្ងៃក្រោយមក គេក៏ចាប់ក្រពើនាងធននេះបាននៅខេត្តក្រចេះ។ និយាយអំពីមហេសីស្ដេចអង្គចន្ទទី២ ដែលត្រូវជាមាតាព្រះនាងក្រពុំឈូក នឹកស្រឡាញ់កូនខ្លាំងពេក ក៏ឲ្យសេនាអាមាត្យវះពោះក្រពើនោះយកបុត្រីចេញមកក្រៅភ្លាម ប៉ុន្តែព្រះនាងក្រពុំឈូកបានសុគតបាត់សង្ខារទៅហើយ។ ពេលនោះ ស្ដេចអង្គចន្ទទី២ជាបិតាក៏ឲ្យគេសង់ព្រះវិហារមួយត្រង់កន្លែងវះពោះក្រពើនាងធននោះ ដោយធ្វើសសរដល់ទៅ ១០០ ហើយក៏បានបន្សល់ឈ្មោះមកដល់បច្ចុប្បន្នថា «វត្តសសរ ១០០»។
នៅចំពីមុខព្រះវិហារសសរ ១០០ នោះ ព្រះអង្គបានឲ្យគេធ្វើចេតិយមួយយ៉ាងធំ ហើយព្រះអង្គបានបញ្ជាឲ្យគេចាប់ស្ដ្រីមានផ្ទៃពោះ ២០នាក់ មកសម្លាប់យកក្បាលធ្វើជាគ្រឹះចេតិយ ហើយឲ្យគេសង់រូបព្រះនាងក្រពុំឈូកឈរលើចេតិយ ហើយឲ្យគេយកស្បែកក្រពើនាងធនទៅប្រលះឆ្កាងទាំងអស់នៅក្បែរចេតិយនោះផង។ ហើយបើតាមសេចក្ដីតំណាលរបស់អ្នកស្រុកនៅទីនោះ គ្មាននរណាហ៊ានដើរកាត់មុខចេតិយនោះទេ ជាពិសេសស្ត្រីមានផ្ទៃពោះ។ បើស្ដ្រីមានផ្ទៃពោះណាហ៊ានដើរកាត់មុខចេតិយនោះនឹងត្រូវស្លាប់ភ្លាម។
ទង់ក្រពើនេះមានរាងដូចស្បែកក្រពើមែនទែន ដែលគេចងឆ្កាង ដោយមានតាំងពីក្បាល ខ្លួន ជើង និងកន្ទុយ។ ប៉ុន្តែដោយហេតុថា សិល្បៈខ្មែរប្រភេទណាក៏ដោយតែងតែមានការវិវត្តប្រែប្រួលជានិច្ច ដូច្នេះបានជាទង់ក្រពើនេះជួនកាលគេរចនាមានជើងរហូតដល់ទៅ ៨ ឬ កន្ទុយ ២។ ហើយប្រសិនបើក្នុងពិធីបូជាសពរបស់ព្រះគ្រូចៅអធិការវត្ត ឬ ព្រះសង្ឃអង្គណាមួយ គេតែងធ្វើទង់ក្រពើនេះធំ ឬ វែង និងមានក្បាច់ច្រើន ហើយធ្វើពីក្រណាត់សំពត់ច្រើនពណ៌ មិនមែនតែពណ៌សតែមួយពណ៌នោះទេ។ ធម្មតាវាមានប្រវែងវែងបំផុតត្រឹម ៥ម៉ែត្រ។ ហើយគេក៏មានធ្វើទង់តូចៗជាច្រើនដាក់នៅទីបូជាសព ដោយមិនកំណត់ចំនួនឡើយ អាស្រ័យតាមការរៀបចំរបស់អាចារ្យ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះដំណើររឿងនេះ?


ក្នុងភាសាបរទេស Soul គឺមកពីពាក្យថា សមុទ្រ មហាសាគរ ឬ ជាបឹង។ ក្នុងភាសា សាសនា គេថា ព្រលឹង (Soul) ដំណក់ទឹក ឯព្រះ (Lord/God) ជា មហាសាគរ ។ ដូច្នេះ ខ្មែរ ព្រលឹង ប្រាកដជាមកពី ពាក្យថា ព្រះ លឹង្គ ដែលពេលខ្លះព្រលឹងគឺជា ជីវិត ចំណែក មេជីវិតមាននៅក្នុង លឹង្គ ដែរ!!