សួរស្តីបងទាំងអស់គ្នា ទំព័រនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវ ចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ដែលទាក់ទងទៅនឹង បច្ចេកទេសវិប្បសនា ។ ឯកសាទាំងនេះដកស្រងចេញពីគេហទំព័រ http://www.dhamma.org/ ដើម្បីជា ជំហានសិក្សា អំពី គ្នា ទៅវិញទៅមក ថា តើខាងនោះ គេតាំងសមាធិបែបអ្វី? ខាងណេះ តាំងសមាធិបែបណា? ហេតុអ្វី ...
- ឯកសារនេះ ចម្លង ពីគ្នារាប់ពាន់ដងមកហើយ ចំណែកខ្ញុំជាអ្នកបកប្រែភាសាអគ្លេស-ខ្មែរ និងជាញឹកញាប់ខ្ញំបាទត្រូវបកប្រែភាសាបាលី សំស្រ្តឹត មកជាភាសាខ្មែរទៅទៀត ដោយសារជនជាតិខ្មែរច្រឡំថា បាលី សំស្រ្តឹតជាភាសាខ្មែរ!!។
- ខ្ញំបាទបានបកប្រែ រឿងទាក់ទងទេវតា ព្រះពុទ្ធ ព្រះធម៍ ព្រះសង្ឈ រឿងឋានលើ ឋានក្រោម ឋានកណ្តាល និយាយរួមគឺ រឿងបណ្តុំសាសនាទាំងអស់លើសកលោក។
- ក្រៅពីកិច្ចការបកប្រែដោយមាត់ បកប្រែដោយសរសេរ Interpretation/translation ខ្ញុំនៅដើររួរជា គ្រូទេសន៍ /បង្រៀន Teaching ដូច្នេះ គេអាចច្រឡំថា ជាបាសក មិនបួសគឺមិនអាចទេសនាបានទេ!! នេះជាបញ្ហាក្នុងសង្គមខ្មែរ ដូចខ្ញុំបានបញ្ជាក់ស្រាប់គឺខ្ញុំ មិនមែនបកប្រែថា សាសនាព្រះពុទ្ធទេ គឺសឹងគ្រប់សាសនាធំៗលើលោកើ
- ក្នុងន័យខាងលើនេះហើយ បានជាខ្ញុំឃើញជនជាតិខ្មែរ ជនបរទេស សរសេរសុទ្ធតែមិនច្បាស់រឿងតាំងសមាធិ (meditation) ហេតុអីមិនច្បាស់? ដោយសារ ពួកគេស្ថិតនៅក្នុងក្រុមខុសៗគ្នា ខ្លះជានិស្សិត ជារាជការ ជាព្រះសង្ឈ ជាគ្រូពេទ្យ ជាស្រីពេស្យា ជាអ្នកទោស ជាភេរករ ជាទាហាន..សរុបទៅ មនុស្សច្រើនឡើងសិក្សាអំពីការតាំងសមាធិ ព្រោះការបង្រៀនតាំងសមាធិ គេអាចទទួលចំណូលបានច្រើន (១សប្តាហ៍ចំណាយអស់ ២៥០ដុល្លាក្នុង១នាក់) តែសម្រាប់ខ្ញុំ គ្មានឪកាសរកចំណូលបានពីការបង្រៀនតាំងសមាធិទេ!!
ខ្ញុំអាចសង្ខេបអំពីការតាំងសមាធិ ថា៖
- អ្នកណាមានរឿងអ្វី ចូរតាំងសមាធិតាមរឿងនោះ-- ដូចជា លោក សុវណ្ណ មានរឿងជាមួយប្រពន្ធ ឈ្លោះគ្នា ដូច្នេះការតាំងសមាធិគឺថា ប្រមូលអារម្មណ៍គិតថា ម៉េចបានជាប្រពន្ធខឹង? រឿងលាក់លុយជួយសាច់ញាតិខ្លួនឯង? រឿងមានប្រពន្ធចុង? រឿងដើរផឹកស៊ីពេក? រឿងស្រីមានប្រុសថ្មីតាមហ្វេសប៊ុក...ការគិតរបបៀបនេះចុះឡើងៗរាប់សិបដង នាំអារម្មណ៍យើងមូល រកឃើញបញ្ហា និងវិធីត្រូវដោះស្រាយ ដូចជាថា លោកសុវណ្ណមានកូនក្រៅខោ!! ដូច្នេះការតាំងសមាធិ គឺជាវិធីធ្វើឲ្យមាន តុល្យភាព Balance គឺគិតពី (១) ខ្លួនឯង គិតពី (៣) ប្រពន្ធដើម គិតពី (៣) ប្រពន្ធចុង គិតពី (៤) ការងារក្រែងបាត់បង់ គិតពី (៥) កូនៗ គិតពី (៦)អ្វីៗទាំងអស់ មួយណាចំណេញសឹមធ្វើ!! បែបហ្នឹងហើយបានជាគេរកឃើញថា អ្នកតាំងសមាធិមានចិត្ត ស្ងប់ ដោះស្រាយបញ្ហាបានប្រសើរជាង អ្នកមិនតាំងសមាធិ។
- អ្នកណាមានរឿងអ្វី ចូរតាំងសមាធិតាមរឿងនោះ ដូចជា កំលោះ រតនា ស្រលាញ់នាង មុន្នីតា កំលោះមានអារម្មណ៍ផ្លូវភេទចង់តែរួមភេទ (កាមតណ្ហាខ្លាំង) ពេលជួបជាមួយគ្រូទេសន៍ គេនឹងណែនាំឲ្យកំលោះកុំហូបគ្រឿងប៉ូវ គ្រឿងស្រវឹង គ្រឿងញៀន ឲ្យគិតថា ប្អុនស្រីគេ ប្អនស្រីយើង បើចងរួមភេទជាមួយនាង ត្រូវសុំនាងរៀបការ បើចាំមិនបានត្រូវ ទៅសប្បាយនៅក្រៅជាមួយស្រីខូច តែពាក់ស្រោម បើអត់លុយត្រូវ វ៉ៃសិចជាមួយកូនតាស័ក្ត៥ វ៉ៃដៃ សាប់ដៃ សាប់ត្រពាំង!! (masturbation )
- អ្នកណាមានរឿងអ្វី ចូរតាំងសមាធិតាមរឿងនោះ សម្រាប់ តាសឹម គាត់ជា អ្នករកស៊ីកាប់គោ យកសាច់លក់ គោណាមានកូនក្នុងពោះ គាត់កាប់លក់បានថ្លៃ ចំណេញច្រើន ក្រោយពីគាត់ទៅតាំងសមាធិនៅ ក្រុង ម៉ិចកា ប្រទេស អារ៉ាប់ីសាអូឌីត គាតតាំងសមាធិរកឃើញថា សំលាប់សត្វ killing មិនថា មនុស្ស មិនថា សត្វលោក គឺមានបាប បើមិនក្នុងជាតិនេះ ខែនេះ ក៍នៅខែក្រោយ ជាតិក្រោយ...ដូច្នេះ Balance សម្រាប់គាត់ មិនអាចគ្មានមុខរបរទេ ព្រោះអត់ចំណូល កូនៗមិនអាចទៅរៀន ក្រុមគ្រួសារបែកបាកគ្នា សាច់ញាតិគេស្អប់គាត់ ដំណោះស្រាយរបស់គាត់ គឺគាត់ទៅទិញសាច់គោ គេយកមកលក់នៅផ្សារ!!
អំពី ជំហាននៃការតាំងសមាធិ រួមមាន៖
ជំហានទី ១ ធ្វើសិក្ខាបទ
ក្នុងរយ:ពេលវគ្គសិក្សា ឣ្នកដែលចូលរួមធ្វើវិបស្សនាទាំងឣស់ត្រូវទទួលគោរពសិក្ខាបទទាំងប្រាំដោយម៉ឺងម៉ាត់ដូចតទៅនេះ៖
- វៀរចាកការសម្លាប់សត្វ;
- វៀរចាកការលួចទ្រព្យគេ;
- វៀរចាកសកម្មភាពផ្លូវភេទគ្រប់បែបយ៉ាង (មានន័យថាគេត្រូវស្ថិតនៅក្នុងភាពជាមនុស្សលីវក្នុងមជ្ឈមណ្ឌលវគ្គសិក្សា);
- វៀរចាកការពោលពាក្យកុហក;
- វៀរចាកការប្រើប្រាស់នូវគ្រឿងស្រវឹង និង គ្រឿងញៀនគ្រប់បែបយ៉ាង។
មានសិក្ខាបទ ០៣ បី ថែមទៀតដែលសិស្សចាស់ (គឺសិស្សទាំងឡាយណាដែលបានបំពេញវគ្គសិក្សាចប់សព្វគ្រប់ម្តងរួចហើយជាមួយលោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយ) ត្រូវគោរពគឺ៖
- វៀរចាកការបរិភោគឣាហារក្រោយពេលថ្ងៃត្រង់;
- វៀរចាកការរាំច្រៀង, ការប្រគំដូរ្យតន្ត្រី និង ការតាក់តែងលំអកាយដោយផ្កាកម្រង និង គ្រឿងក្រឣូបផ្សេងៗ;
- វៀរចាកការប្រើទីសេនាសនៈខ្ពស់ហួសប្រមាណ ហើយល្អឆើតឆាយ។
- សិស្សចាស់ត្រូវគោរពសិក្ខាបទទី 6 ដោយទទួលទានតែទឹកតែ ឥតមានទឹកដោះគោ ឬ ទឹកផ្លែឈើ នៅពេលសម្រាកម៉ោង 5 ល្ងាច។ ចំណែកសិស្សថ្មីឣាចទទួលទានទឹកតែជាមួយទឹកដោះគោ និង ផ្លែឈើខ្លះបាន។ គ្រូឣាចឣនុញ្ញាតឲ្យសិស្សចាស់ដែលមានសុខភាពមិនល្អមិនឲ្យកាន់សិក្ខាបទទី 6 បាន។ ចំពោះសិក្ខាបទទី 7 និង ទី 8 សិស្សចាស់ទាំងឣស់គ្នាត្រូវតែគោរព។
ជំហានទី ២ ធ្វើសមាធិ (វិបស្សនា/ធ្វើកម្មដ្នាន Meditation) ដែមាន ៦ ជំហានដូចតទៅ ៖
1. ជ្រើសរើសទីកន្លែង និង ពេលវេលា2. ជ្រើសរើសរបៀបអង្គុយ3. ការតាំងសមាធិ ផ្ចង់អារម្មណ៍ Concentration / /Eye Center4. ធ្វើការស្មឹងស្មាត សញ្ជឹងគិត Contemplation5. ធ្វើការសូត្រតាមគ្រូ Simran /Repetition6. ស្តាប់សម្លេងជួង ទេវតា ពីក្នុងខ្លួន Listening/ Dhajan
សង្ខេបបច្ចេកទេសបន្ថែម
វិបស្សនា (Vipassana) ជាបច្ចេកទេសកម្មដ្ឋានមួយ ក្នុងចំណោមបច្ចេកទេសកម្មដ្ឋានចាស់ជាងគេបំផុតនៃប្រទេសឥណ្ឌា។ មនុស្សជាតិបានបាត់បង់បច្ចេកទេសនេះជាយូរឣង្វែងណាស់មកហើយ តែព្រះគោតមសម្មាសម្ពុទ្ធ បានរកឃើញឡើងវិញកាលពីជាង ២៥០០ ឆ្នាំមុននេះ។ វិបស្សនា ដែលមានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ដោយខ្លួនឯង ដោយការពិនិត្យមើលខ្លួនឯង។ ជាដំបូង (១) គេចាប់ពិនិត្យមើលដង្ហើមធម្មជាតិ ដើម្បីផ្ចង់ចិត្តឲ្យមូល។ ដោយមានសតិដឹងយ៉ាងមុតនេះ គេពិនិត្យមើលធម្មជាតិផ្លាស់ប្តូររបស់កាយ និង ចិត្ត ហើយពិសោធឃើញសេចក្តីពិតសាកលនៃ ឣនិច្ចំ, ទុក្ខំ និង ឣនត្តា។ ការសម្រេចនូវសេចក្តីពិតដោយសារការពិសោធន៍ផ្ទាល់នេះជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់។ មាគ៌ាទាំងមូល (ធម៌ (Dhamma)) ជាឱសថសាកលសម្រាប់ដោះស្រាយ បញ្ហាសាកល ហើយគ្មានឣ្វីជាប់ទាក់ទងជាមួយនឹងសាសនា ឬ និកាយណាមួយឡើយ។ ដោយហេតុនេះ បច្ចេកទេសនេះឣាចយកមកបដិបត្តិបានជាទូទៅ ដោយសេរី នៅគ្រប់ទីកន្លែង គ្រប់ពេល ដោយគ្មានឣ្វីទាស់ខុសជាមួយពូជសាសន៍, វណ្ណ:, សាសនាណាមួយឡើយ ហើយទទួលប្រយោជន៍ល្អប្រសើរដូចគ្នាជាទូទៅ។
តើឣ្វីទៅដែលមិនមែនជាវិបស្សនា?
- វិបស្សនា មិនមែនជាពិធីបុណ្យ ឬ ពិធីសាសនាដែលមានសទ្ធាងងឹតងងល់ជាមូលដ្ឋានឡើយ។
- វិបស្សនា មិនមែនជាល្បែងកំសាន្តខាងប្រាជ្ញាឈ្លាសវៃ ឬជាទស្សនវិជ្ជាទេ។
- វិបស្សនា មិនមែនជាពេលសម្រាកសម្រាប់ព្យាបាលជំងឺ, មិនមែនជាថ្ងៃឈប់បុណ្យ ឬជាឱកាសល្អណាមួយដើម្បីឲ្យមនុស្សក្នុងសង្គមប្រាស្រ័យទាក់ទងគ្នាដោយប្រការណាមួយឡើយ។
- វិបស្សនា មិនមែនជាការគេចវេះឲ្យផុតពីបញ្ហា, ពីទុក្ខព្រួយនៃការរស់នៅរាល់ថ្ងៃទេ។
- វិបស្សនា ជាបច្ចេកទេសមួយដើម្បីគាស់រំលើងទុក្ខឲ្យដាច់ឫសគល់។
- វិបស្សនា ជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ ដែលនាំមនុស្សឲ្យចេះប្រឈមមុខចំពោះភាពតានតឹង និង បញ្ហាជីវិតទាំងឡាយ ប្រកបដោយចិត្តស្ងប់ស្ងៀម និង មានលំនឹង។
- វិបស្សនា ជារបៀបរស់នៅ ដែលនាំមនុស្សឲ្យធ្វើវិភាគទានជាកុសលចំពោះសង្គម។
- វិបស្សនាកម្មដ្ឋានមានគោលបំណងឆ្ពោះទៅរកគោលដៅផ្លូវចិត្តយ៉ាងខ្ពស់បំផុតនៃការរំដោះទុក្ខ និង ការត្រាស់ដឹងពេញបរិបូណ៌។ គោលដៅរបស់វិបស្សនាគឺមិនមែនសម្រាប់ព្យាបាលជំងឺផ្លូវកាយឲ្យបានជាសះស្បើយទេ។ ប៉ុន្តែដោយសារលទ្ធផលបន្ទាប់បន្សំដែលកើតមកពីការធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ នុ៎ះមានជំងឺផ្លូវចិត្ត និង ផ្លូវកាយ ជាច្រើនណាស់ដែលបានជាសះស្បើយដាច់ឫសគល់ឣស់ ។ តាមការពិត វិបស្សនា គឺប្រាកដជារំលាយហេតុ ៣ បី យ៉ាងនៃសេចក្តីទុក្ខទាំងឣស់បាន ពោលគឺ៖ លោភ: ទោស: និង មោហ:។ ដោយសារការបដិបត្តិយ៉ាងជាប់ជានិច្ច សមាធិនឹងជួយបន្ធូរបន្ថយភាពតានតឹងដែលចេះតែមាននៅក្នុងការរស់នៅរាល់ថ្ងៃ ហើយជួយស្រាយចំណងដែលកើតឡើងដោយសារទម្លាប់ចាស់ដែលចេះតែនាំចិត្តឲ្យធ្វើប្រតិកម្មតបនឹងស្ថានភាពជាទីរីករាយ និង ជាទីមិនរីករាយ។
ទោះបីវិបស្សនាកម្មដ្ឋាននេះជាបច្ចេកទេសដែលកើតចម្រើនឡើងដោយសារព្រះសម្មាសម្ពុទ្ធក៏ដោយ ក៏ការបដិបត្តិបច្ចេកទេសនេះ មិនមែនកម្រិតទុកត្រឹមតែឣ្នកកាន់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ។ ជាដាច់ខាតឥតមានរឿងផ្លាស់ប្តូរសាសនាឡើយ។ មនុស្សទាំងឣស់មានបញ្ហាចោទឡើងដូចគ្នា ដូច្នេះបច្ចេកទេសដែលដោះស្រាយបញ្ហាទាំងឣស់នេះ ក៏ឣាចយកមកឣនុវត្តបានជាសាកលទូទៅដូចគ្នាដែរ។ មនុស្សឣ្នកកាន់សាសនាដទៃទៀតជាច្រើនបានទទួលប្រយោជន៍ដែលកើតមកពីការបដិបត្តិវិបស្សនាកម្មដ្ឋាននេះ ហើយបានពិនិត្យឃើញថាគ្មានឣ្វីទាស់ខុសជាមួយនឹងជំនឿសាសនារបស់គេឡើយ។
ការចម្រើនកម្មដ្ឋាន និង វិន័យសម្រាប់ខ្លួនឯង
វិធីធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ដោយខ្លួនឯងដោយពិនិត្យមើលក្នុងខ្លួនឯងគឺពិតជាមិនមែនងាយស្រួលឡើយ។ សិស្សត្រូវតែខំប្រឹងធ្វើការនេះដោយតឹងរឹងណាស់។ ដោយសារតែការខំប្រឹងប្រែងធ្វើការផ្ទាល់ខ្លួន ទើបសិស្សឣាចទៅដល់សេចក្តីសម្រេចរបស់ខ្លួនឯងបាន គ្មាននរណាឣាចធ្វើការនេះជំនួសខ្លួនឯងបានឡើយ។ ដោយហេតុនេះ ការចម្រើនកម្មដ្ឋាននឹងមានភាពសមរម្យចំពោះឣ្នកដែលពិតជាចង់ធ្វើការដោយប្រាកដប្រជា ហើយសុខចិត្តទទួលគោរពតាមវិន័យដែលជាច្បាប់មួយធ្វើឡើងដើម្បីជាប្រយោជន៍ និង ដើម្បីជាកិច្ចការពារខ្លួនឯងផ្ទាល់តែប៉ុណ្ណោះ។ វិន័យ និង បទបញ្ជា ត្រូវចាត់ទុកជាផ្នែកមួយទាំងស្រុងនៃបច្ចេកទេសចម្រើនកម្មដ្ឋាននេះ។
ដប់ថ្ងៃ គឺពិតជាខ្លីណាស់ ដើម្បីនាំចិត្តឲ្យចូលទៅដល់ថ្នាក់ទីជម្រៅ និង ដើម្បីរៀនគាស់រំលើងភាពស្មុគ្រស្មាញដែលកប់នៅក្នុងនោះឲ្យដាច់ឫសគល់។ ការបដិបត្តិឲ្យបានជាប់ជានិច្ចនៅកន្លែងដែលដាច់ឆ្ងាយពីគេតែឯកឯង ជាគន្លឹះសំខាន់នៃជោគជ័យរបស់បច្ចេកទេសនេះ។ វិន័យ និង បទបញ្ជាបានតាក់តែងឡើងដោយយោលទៅលើការបដិបត្តិ។ វិន័យ និង បទបញ្ជានេះមិនមែនធ្វើឡើងដើម្បីជាប្រយោជន៍ដល់គ្រូ ឬ ក្រុមឣ្នកចាត់ការឡើយ មិនមែនដើម្បីសម្តែងគំនិតប្រពៃណីឥតប្រយោជន៍ មិនមែនជាច្បាប់សាសនា ឬ សទ្ធាងងឹតងងល់ទៅលើសាសនាខ្លះនុ៎ះទេ។ ផ្ទុយទៅវិញ វិន័យ និង បទបញ្ជានេះមានមូលដ្ឋានចេញមកពីការពិសោធន៍របស់ឣ្នកបដិបត្តិធម៌រាប់ពាន់នាក់ដែលបានប្រព្រឹត្តធ្វើជាយូរឆ្នាំមកហើយ និង ជាច្បាប់ដែលស្របតាមផ្លូវវិទ្យាសាស្ត្រផង តាមផ្លូវវិចារណញ្ញាណផង។ ការចេះប្រកាន់វិន័យជាការជួយបង្កើតបរិយាកាសល្អសមគួរដល់ការចម្រើនធម៌។ រីឯការប្រព្រឹត្តិបទល្មើសនឹងវិន័យវិញគឺជាការធ្វើឲ្យសៅហ្មងដល់ការចម្រើនកម្មដ្ឋាននេះ។
សិស្សទាំងឡាយត្រូវស្ថិតនៅក្នុងមជ្ឈមណ្ឌលឲ្យបានគ្រប់ ដប់ថ្ងៃ ពេញបរិបូណ៌។ ក្រៅពីនេះ សិស្សត្រូវតែឣាន ហើយត្រូវតែគោរពធ្វើតាមវិន័យផ្សេងៗទៀតដោយហ្មត់ចត់។ មានតែឣ្នកដែលយល់ឃើញថាឣាចគោរពតាមវិន័យនេះបានដោយសុទ្ធចិត្ត និង ដោយហ្មត់ចត់ទេ ទើបគួរដាក់ពាក្យសុំចូលរៀន។ ចំពោះឣ្នកដែលមិនទាន់បានរៀបចំខ្លួនដើម្បីចូលរៀន និង បដិបត្តិឲ្យឣស់ពីចិត្តទេ ការណ៍នេះគឺគ្រាន់តែនាំឲ្យខាតពេលរបស់ខ្លួនតែប៉ុណ្ណោះ ហើយថែមទាំងរំខានដល់ឣ្នកឯទៀតដែលចង់បដិបត្តិដោយហ្មត់ចត់ទៀតផង។ សិស្សដែលបម្រុងចូលរៀនត្រូវយល់ថាការចាកចេញមុនពេលចប់ធម្មសិក្យាដោយឃើញថា ច្បាប់វិន័យតឹងតែងពេក ជាការនាំឲ្យខាតប្រយោជន៍ខ្លាំងណាស់ ហើយជាការមួយដែលគេមិនគួរធ្វើទៀតផង។ ដូចគ្នានេះដែរ ជាការមួយគួរឲ្យសោកស្តាយណាស់ បើសិនជាមានសិស្សណាម្នាក់មិនគោរពតាមបទបញ្ជា ទោះបីគេបានរំលឹកជាញឹកញយហើយក៏ដោយ នឹងត្រូវបានគេបណ្តេញចេញពីធម្មសិក្សា។
មនុស្សមានវិបត្តិផ្លូវចិត្តខ្លាំង
ដោយមានបំណងចង់បន្ធូរបន្ថយបញ្ហាផ្លូវចិត្ត ជួនកាលមនុស្សដែលមានវិបត្តិផ្លូវចិត្តខ្លាំងបានចូលរួមក្នុងធម្មសិក្សាវិបស្សនា ដោយសង្ឃឹមថា បច្ចេកទេសនេះឣាចធ្វើឲ្យបញ្ហាផ្លូវចិត្តបានជាសះស្បើយ ឬ បានធូរស្រាល។ មនុស្សដែលមានទំនាក់ទំនងគ្មានលំនឹង ឬ ស្ថិរភាពជាមួយឣ្នកដទៃ ហើយធ្លាប់មានប្រវត្តិទទួលការព្យាបាលជាច្រើន អាចជាកត្តាបន្ថែមដែលធ្វើឲ្យគេពិបាកនឹងទទួលប្រយោជន៍ពីការចូលរួមធម្មសិក្សា ១០ ថ្ងៃនេះ ឬមួយសូម្បីតែធ្វើធម្មសិក្សាឲ្យចប់សព្វគ្រប់ក៏មិនបានផង។ ក្នុងឋាន:ជាឣង្គការស្ម័គ្រចិត្ត ដែលមិនមែនជាឣង្គការវិជ្ជាជីវ: យើងមិនឣាចព្យាបាលមនុស្សបែបនេះឲ្យបានត្រឹមត្រូវឡើយ។ ថ្វីបើវិបស្សនាមានប្រយោជន៍បំផុតចំពោះមនុស្សភាគច្រើនក៏ដោយ ក៏ប៉ុន្តែវិបស្សនាមិនមែនសម្រាប់ជំនួសការព្យាបាលរោគតាមក្បួនពេទ្យ ឬ ក្បួនចិត្តសាស្ត្រទេ ហើយយើងមិនផ្តល់យោបល់ឲ្យមនុស្សដែលមានវិបត្តិផ្លូវចិត្តខ្លាំងចូលមកចម្រើនវិបស្សនាកម្មដ្ឋានឡើយ។
ច្បាប់វិន័យ
មូលដ្ឋាននៃការបដិបត្តិវិបស្សនាគឺ សីល (Sila) — ធម្មចរិយា។ សីល បង្កើតមូលដ្ឋានសម្រាប់ចម្រើន សមាធិ (Samadhi) — ការធ្វើចិត្តឲ្យមូល។ ហើយការធ្វើចិត្តឲ្យបរិសុទ្ធផូរផង់នឹងសម្រេចឡើងបានដោយសារ បញ្ញា (Panna) — គតិបណ្ឌិតនៃការយល់ច្បាស់អំពីភាពពិត។
សិក្ខាបទ
ក្នុងរយ:ពេលធម្មសិក្សា ឣ្នកដែលចូលរួមធ្វើវិបស្សនាទាំងឣស់ត្រូវទទួលគោរពសិក្ខាបទទាំងប្រាំដោយម៉ឺងម៉ាត់ដូចតទៅនេះ៖
- វៀរចាកការសម្លាប់សត្វ;
- វៀរចាកការលួចទ្រព្យគេ;
- វៀរចាកសកម្មភាពផ្លូវភេទគ្រប់បែបយ៉ាង (មានន័យថាគេត្រូវស្ថិតនៅក្នុងភាពជាមនុស្សលីវក្នុងមជ្ឈមណ្ឌលធម្មសិក្សា);
- វៀរចាកការពោលពាក្យកុហក;
- វៀរចាកការប្រើប្រាស់នូវគ្រឿងស្រវឹង និង គ្រឿងញៀនគ្រប់បែបយ៉ាង។
- មានសិក្ខាបទបីថែមទៀតដែលសិស្សចាស់ (គឺសិស្សទាំងឡាយណាដែលបានបំពេញធម្មសិក្សាចប់សព្វគ្រប់ម្តងរួចហើយជាមួយលោក ហ្គោឥនកា ឬ គ្រូជំនួយ) ត្រូវគោរពគឺ៖
- វៀរចាកការបរិភោគឣាហារក្រោយពេលថ្ងៃត្រង់;
- វៀរចាកការរាំច្រៀង, ការប្រគំដូរ្យតន្ត្រី និង ការតាក់តែងលំអកាយដោយផ្កាកម្រង និង គ្រឿងក្រឣូបផ្សេងៗ;
- វៀរចាកការប្រើទីសេនាសនៈខ្ពស់ហួសប្រមាណ ហើយល្អឆើតឆាយ។
- សិស្សចាស់ត្រូវគោរពសិក្ខាបទទី ៦ ដោយទទួលទានតែទឹកតែ ឥតមានទឹកដោះគោ ឬ ទឹកផ្លែឈើ នៅពេលសម្រាកម៉ោង ៥ ល្ងាច។ ចំណែកសិស្សថ្មីឣាចទទួលទានទឹកតែជាមួយទឹកដោះគោ និង ផ្លែឈើខ្លះបាន។ គ្រូឣាចឣនុញ្ញាតឲ្យសិស្សចាស់ដែលមានសុខភាពមិនល្អមិនឲ្យកាន់សិក្ខាបទទី ៦ បាន។ ចំពោះសិក្ខាបទទី ៧ និង ទី ៨ សិស្សចាស់ទាំងឣស់គ្នាត្រូវតែគោរព។
ការយល់ព្រមទទួលគ្រូ និង បច្ចេកទេសកម្មដ្ឋាន
ក្នុងរយ:ពេលធម្មសិក្សា សិស្សត្រូវទទួលធ្វើតាមបទបញ្ជា និង ការណែនាំរបស់គ្រូទាំងស្រុង។ គឺសិស្សត្រូវទទួលធ្វើតាមច្បាប់វិន័យ ហើយចម្រើនកម្មដ្ឋានតាមបញ្ជាទាំងស្រុងរបស់គ្រូ ដោយមិនបន្ថែម ឬ បន្ថយឣ្វីឡើយ។ ការទទួលធ្វើតាមនេះគឺធ្វើដោយមានការយល់ត្រឹមត្រូវ និង ច្បាស់លាស់ ដែលមិនមែនធ្វើដោយការចុះចូលងងឹតងងល់ទេ។ លុះត្រាតែមានសេចក្តីទុកចិត្តបែបនេះ ទើបសិស្សឣាចធ្វើការដោយយកចិត្តទុកដាក់ និង ដោយហ្មត់ចត់បាន។ ការជឿទុកចិត្តលើគ្រូ និង លើបច្ចេកទេសកម្មដ្ឋាននេះ ជាការចាំបាច់ដើម្បីឲ្យបានជោគជ័យក្នុងការចម្រើនកម្មដ្ឋាន។
បច្ចេកទេសកម្មដ្ឋាន និង ពិធីបុណ្យ ពិធីសាសនាដទៃ
ក្នុងរយ:ពេលធម្មសិក្សានេះ ការចាំបាច់ដាច់ខាតគឺត្រូវបញ្ឈប់ការសូត្រធម៌បន់ស្រន់ ឬ ការប្រារឰពិធីបុណ្យ ពិធីសាសនាទាំងឣស់សិន ដូចជាការឣត់ឣាហារ,ការដុតធូបទៀន, ការដុតប្រទីប, ការរាប់ផ្គាំ, ការសូត្រមន្តឣាគម, ការបន់ស្រន់, ការរាំច្រៀង ឬ ការឣត់ឣាហារជាដើម។ បច្ចេកទេសកម្មដ្ឋានដទៃ និង បច្ចេកទេសព្យាបាលជំងឺទាំងឣស់ក៏ត្រូវបញ្ឈប់ទុកមួយឣន្លើសិនដែរ។ នេះមិនមែនជាការដាក់ទោសទៅលើបច្ចេកទេស និង ការប្រារឰពិធីទាំងឣស់នោះទេ ប៉ុន្តែគឺដើម្បីសាកល្បងបច្ចេកទេសវិបស្សនានេះឲ្យបានសមរម្យតាមភាពបរិសុទ្ធ។
យើងសូមទូន្មានយ៉ាងខ្លាំងចំពោះសិស្សទាំងឡាយថា ការយកបច្ចេកទេសវិបស្សនានេះទៅលាយឡំដោយចេតនាជាមួយនឹងបច្ចេកទេសឯទៀត គឺមិនមែនគ្រាន់តែជាឧបសគ្គដល់ការរីកចម្រើនរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែវាឣាចជាការដើរថយក្រោយទៀតផង។ ទោះបីមានការព្រមានជាញឹកញយពីគ្រូក៏ដោយ ក៏នៅតែមានហេតុការណ៍ខ្លះៗក្នុងឣតីតកាលដោយមានសិស្សខ្លះបានយកបច្ចេកទេសនេះទៅលាយឡំដោយចេតនាជាមួយនឹងបច្ចេកទេសបដិបត្តិផ្សេងទៀត ហើយបានធ្វើឲ្យខ្លួនឯងរងទុក្ខយ៉ាងខ្លាំង។ បើមានការសង្ស័យ ឬ ការច្របូកច្របល់បែបណាមួយកើតឡើង សិស្សឣាចទៅជួបគ្រូជាដរាបដើម្បីសុំការពន្យល់ឲ្យបានច្បាស់លាស់។
ការជួបសម្ភាសន៍ជាមួយគ្រូ
ពីម៉ោង ១២ ថ្ងៃត្រង់ ទៅម៉ោង ១ រសៀល សិស្សឣាចធ្វើសម្ភាសន៍ផ្ទាល់ជាមួយគ្រូបាន។ គេក៏ឣាចសួរគ្រូជាសាធារណ:បានដែរពីម៉ោង ៩ ទៅម៉ោង ៩ កន្លះយប់នៅធម្មសាល។ សេចក្តីសម្ភាសន៍ និង សំណួរគឺសម្រាប់បំភ្លឺឣំពីបច្ចេកទេស និង បញ្ហាទាំងឡាយដែលកើតឡើងឣំពីការស្តាប់ធម្មទេសនាពេលល្ងាច។
ឣរិយស្ងាត់
សិស្សទាំងឣស់ត្រូវតែគោរពឣរិយស្ងាត់ តាំងពីពេលចាប់ផ្តើមធម្មសិក្សា រហូតដល់ពេលព្រឹកថ្ងៃចុងក្រោយបង្អស់នៃថ្ងៃចម្រើនកម្មដ្ឋាន។ ឣរិយស្ងាត់ គឺការស្ងៀមស្ងាត់តាមផ្លូវកាយ វាចា និង ចិត្ត។ ការទាក់ទងគ្រប់បែបយ៉ាងជាមួយសិស្សផងគ្នា ត្រូវហាមឃាត់ទាំងកាយវិការ ទាំងកំណត់សរសេរ និង ទាំងសញ្ញា ជាភាសានិយាយ៘
ប៉ុន្តែសិស្សឣាចនិយាយជាមួយគ្រូបាន នៅពេលណាដែលមានការចាំបាច់។ សិស្សឣាចទាក់ទងជាមួយនឹងឣ្នកគ្រប់គ្រងបានដែរ ឣំពីបញ្ហាដែលទាក់ទងនឹងម្ហូបឣាហារ, ការស្នាក់ឣាស្រ័យ, សុខភាព៘ ប៉ុន្តែចំពោះការទាក់ទងនេះ គេត្រូវតែធ្វើឲ្យបានយ៉ាងតិចបំផុត។ សិស្សត្រូវតែបណ្តុះចិត្តឲ្យមានឣារម្មណ៍ចេះគិតថាខ្លួននៅចម្រើនកម្មដ្ឋាននេះដាច់ពីគេតែម្នាក់ឯង។
ការបំបែកភេទប្រុស និង ស្រី
ការបំបែកភេទប្រុសស្រីឲ្យនៅដាច់ពីគ្នាត្រូវតែគោរព។ ក្នុងអំឡុងធម្មសិក្សានេះ ប្តីប្រពន្ធ ឬ គូប្រុសស្រីមិនត្រូវប្រាស្រ័យទាក់ទងគ្នាដោយប្រការណាមួយឡើយ។ មិត្តភក្តិ សមាជិកនៃគ្រួសារ៘ ក៏ត្រូវគោរពតាមបទបញ្ជានេះដែរ។
ការប៉ះពាល់កាយ
ជាការសំខាន់ណាស់ មិនត្រូវឲ្យមានការប៉ះពាល់គ្នាដោយកាយឡើយ ទោះបីរវាងមនុស្សដែលមានភេទដូចគ្នាក៏ដោយ រហូតដល់ពេលផុតកំណត់ធម្មសិក្សានេះ។
បច្ចេកទេសយោគៈ និង ការហាត់ប្រាណ
ទោះបីបច្ចេកទេសយោគៈ និង ការហាត់ប្រាណដទៃទៀតមានភាពចុះសម្រុងគ្នាជាមួយវិបស្សនាក៏ដោយ ក៏ក្នុងរយ:ពេលធម្មសិក្សា គេត្រូវតែផ្អាកការហាត់ទាំងឣស់នេះមួយឣន្លើសិនដែរ ពីព្រោះនៅទីនេះ គេគ្មានកន្លែងសមរម្យដាច់ដោយឡែកសម្រាប់ធ្វើការហាត់ទាំងឣស់នោះទេ។ សិស្សទាំងឡាយឣាចដើរហាត់ប្រាណនៅកន្លែងដែលគេបានកម្រិតទុកឲ្យធ្វើសម្រាប់សិស្សប្រុសស្រី នៅអំឡុងពេលសម្រាក។
វត្ថុសាសនា សៀវភៅសូត្របន់ស្រន់ កែវមន្ត វត្ថុសក្តិសិទ្ធិ
គេមិនត្រូវយកវត្ថុបែបនេះចូលក្នុងមជ្ឈមណ្ឌលកម្មដ្ឋានទេ។ បើសិនជាយកចូលមកដោយចៃដន្យ គេត្រូវតែយកទៅផ្ញើទុកនឹងក្រុមឣ្នកគ្រប់គ្រងក្នុងអំឡុងពេលនៃធម្មសិក្សានេះ។
គ្រឿងញៀន និង ថ្នាំស្ពឹក ឬ ថ្នាំស្រវឹង
ថ្នាំស្ពឹក ឬ ថ្នាំស្រវឹងទាំងឡាយ រាប់ទាំងថ្នាំឲ្យដេកលក់ផង, ថ្នាំរំងាប់ចិត្ត, ថ្នាំរំងាប់ការឈឺចាប់ផ្សេងៗ, ស្រា ឬ គ្រឿងញៀនគ្រប់បែបយ៉ាងមិនត្រូវយកចូលក្នុងមជ្ឈមណ្ឌលកម្មដ្ឋានទេ។ សិស្សណាដែលជាប់ប្រើប្រាស់ថ្នាំតាមបទបញ្ជាពេទ្យត្រូវជូនដំណឹងទៅគ្រូ។
ថ្នាំជក់, ថ្នាំចុក, ម្លូស្លាបារី
ដើម្បីសុខភាព និង ផាសុកភាពរបស់សិស្សទាំងអស់ ថ្នាំជក់, ថ្នាំចុក ឬ ម្លូស្លាបារី មិនឣនុញ្ញាតឲ្យមានក្នុងអំឡុងធម្មសិក្សានេះទេ។
ម្ហូបឣាហារ
គេមិនឣាចផ្តល់ម្ហូបឣាហារឲ្យបានសមតាមសេចក្តីចូលចិត្តរបស់ឣ្នកចម្រើនកម្មដ្ឋានទាំងឣស់គ្នាបានទេ។ ហេតុនេះគេសុំឲ្យសិស្សទាំងឣស់បរិភោគតែម្ហូបសាកាហារី (ម្ហូបគ្មានសាច់) គឺបន្លែផ្លែឈើដែលគេផ្តល់ឲ្យតែប៉ុណ្ណោះ។ ឣ្នកចាត់ការនៃក្រុមឣ្នកគ្រប់គ្រងខំព្យាយាមផ្តល់នូវម្ហូបឣាហារប្រកបដោយជីវជាតិល្អ សមរម្យ សមគួរដល់ការចម្រើនកម្មដ្ឋាន ដោយមិនធ្វើតាមទស្សនៈឣាហារពិសេសណាមួយទេ។ បើមានសិស្សណាម្នាក់ត្រូវតមម្ហូបតាមបញ្ញត្តិពេទ្យដោយសារមានជំងឺ គេត្រូវជូនដំណឹងទៅក្រុមឣ្នកគ្រប់គ្រង នៅពេលសុំចុះឈ្មោះ។ ម៉្យាងវិញទៀត គេមិនឣនុញ្ញាតឲ្យតមឣត់ឣាហារនៅពោះទទេឡើយ។
សម្លៀកបំពាក់
សម្លៀកបំពាក់ត្រូវមានរបៀបធម្មតារម្យទម្យសមសួន។ សម្លៀកបំពាក់ធ្វើពីក្រណាត់សំពត់ភ្លឺឆ្លុះ មើលឃើញសាច់ដែលរឹតតឹង ឬ សម្រាប់ដេកហាលថ្ងៃដែលនាំឲ្យស្រើបស្រាល ត្រូវហាមឃាត់ជាដាច់ខាត។ មិនឣនុញ្ញាតឲ្យដេកហាលថ្ងៃទេ។ ត្រូវគ្របដណ្តប់ខ្លួនឲ្យជិត ត្រូវមានឣាកប្យកិរិយារម្យទមសមសួន។ បំរាមនេះសំខាន់ណាស់ដើម្បីកុំឲ្យឣ្នកដទៃមានចិត្តរាយមាយដោយសារសម្លៀកបំពាក់។
ការបោកគក់ និង ការងូតទឹក
ឥតមានម៉ាស៊ីនបោក ឬ ហាលសម្លៀកបំពាក់ទេ។ ដូច្នេះសិស្សត្រូវតែយកសម្លៀកបំពាក់មកឲ្យបានគ្រប់គ្រាន់។ ឥវ៉ាន់តូចតាចឣាចបោកគក់ដោយដៃបាន។ ការងូតទឹក និង បោកគក់ឣាចធ្វើបានតែនៅក្នុងពេលសម្រាកប៉ុណ្ណោះ ហើយមិនត្រូវធ្វើនៅពេលម៉ោងចម្រើនកម្មដ្ឋានទេ។
ការទាក់ទងទៅលោកខាងក្រៅ
សិស្សត្រូវស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលរហូតដល់ចប់ធម្មសិក្សាពេញបរិបូណ៌។ សិស្សឣាចចេញពីទីនេះបាន លុះត្រាតែបានទទួលសេចក្តីឣនុញ្ញាតពិសេសពីគ្រូ។ មុនពេលធម្មសិក្សាចប់សព្វគ្រប់ មិនត្រូវឲ្យមានទំនាក់ទំនងទៅលោកខាងក្រៅទេ។ ទំនាក់ទំនងនេះរាប់បញ្ចូលទាំងសំបុត្រ, ទាំងអ៊ីមែល, ទាំងទូរស័ព្ទ និង ការទទួលភ្ញៀវទាំងឡាយ។ ទូរស័ព្ទដៃ និង ឧបករណ៍ឣេឡិចត្រូនិចទាំងឡាយត្រូវផ្ញើទុកនឹងក្រុមឣ្នកគ្រប់គ្រង រហូតដល់ពេលចប់ធម្មសិក្សា។ ក្នុងករណីមានឣាសន្ន មិត្តភក្តិ ឬ បងប្អូនឣាចទាក់ទងជាមួយក្រុមឣ្នកគ្រប់គ្រងបាន។
តន្ត្រី ការឣាន និង ការសរសេរកត់ត្រា
គេមិនឣនុញ្ញាតឲ្យមានការលេងភ្លេង ការបើកវិទ្យុស្តាប់ទេ។ សៀវភៅឣាន, សៀវភៅសរសេរ ក៏មិនត្រូវយកមកជាមួយក្នុងឱកាសធម្មសិក្សានេះដែរ។ សិស្សមិនត្រូវធ្វើចិត្តឲ្យរាយមាយដោយសារការសរសេរ ឬ ការកត់ត្រាឣ្វីឡើយ។ ការដាក់កម្រិតមិនឲ្យឣាន និង សរសេរកត់ត្រានេះ គឺដើម្បីសង្កត់លើការបដិបត្តិកម្មដ្ឋាននេះឲ្យបានកាន់តែល្អប្រសើរឡើងទៀតតែប៉ុណ្ណោះ។
ប្រដាប់ថតសំឡេង និង ម៉ាស៊ីនថតរូប
ប្រដាប់ទាំងឣស់នេះឣាចប្រើបាន លុះត្រាតែមានការឣនុញ្ញាតពិសេសពីគ្រូ។
ហិរញ្ញវត្ថុសម្រាប់ធម្មសិក្សា
ដោយយោងទៅតាមប្រពៃណីធម៌បរិសុទ្ធនៃវិបស្សនា ជាមូលដ្ឋាន ធម្មសិក្សានេះប្រព្រឹត្តទៅបានដោយសារតែឣំណោយទានរបស់សប្បុរសជន។ ឣំណោយទានឣាចទទួលយកបានតែពីជនទាំងឡាយណាដែលបានធ្វើធម្មសិក្សា ១០ ថ្ងៃចប់សព្វគ្រប់ យ៉ាងហោចណាស់ម្តងរួចហើយ ជាមួយលោក ហ្គោឥនកា ឬ គ្រូជំនួយ។ សិស្សដែលចូលរៀនលើកទីមួយឣាចធ្វើឣំណោយទានបាន នៅពេលចប់ធម្មសិក្សា ឬ នៅពេលក្រោយណាមួយទៀតក៏បាន។
តាមរបៀបនេះ ធម្មសិក្សាទាំងឡាយត្រូវបានគាំទ្រដោយមនុស្សទាំងឡាយដែលបានស្គាល់រសជាតិ និង ប្រយោជន៍ធម៌ដោយខ្លួនឯង។ ដោយមានបំណងចង់ចែកប្រយោជន៍ជាមួយឣ្នកដទៃ គេឣាចធ្វើទានបានតាមចេតនា និង មធ្យោបាយដែលគេមាន។ ឣំណោយទានទាំងឣស់នេះជាមធ្យោបាយតែមួយគត់សម្រាប់បង់សោហ៊ុយធម្មសិក្សាតាមប្រពៃណីនេះ នៅជុំវិញពិភពលោក។ គ្មានមូលនិធិ ឬ គហបតីឯកជនណាទទួលបន្ទុកលើធម្មសិក្សាទាំងនេះទេ។ ទាំងគ្រូ ទាំងឣ្នករៀបចំធម្មសិក្សា គ្មាននរណាម្នាក់បានទទួលកម្រៃសម្ភារ:ឣ្វីពីធម្មសិក្សានេះឡើយ។ ការផ្សព្វផ្សាយវិបស្សនាតាមរបៀបនេះ គឺធ្វើឡើងដោយមានគោលដៅយ៉ាងល្អបរិសុទ្ធ គ្មានឣ្វីទាក់ទងនឹងការធ្វើជំនួញទេ។
ហេតុនេះ ទោះបីឣំណោយទានរបស់ឣ្នកតិចក្តី ច្រើនក្តី សូមធ្វើឣំណោយក្នុងគោលបំណងចង់ជួយឣ្នកដទៃ៖ ‘ដោយហេតុថា មានជនដទៃបានធ្វើទានដើម្បីបង់សោហ៊ុយធម្មសិក្សារបស់ខ្ញុំ ដូច្នេះ ឥឡូវនេះ ខ្ញុំសូមធ្វើទានវិញម្តងដើម្បីបង់សោហ៊ុយធម្មសិក្សាទៅឣនាគត ដើម្បីឲ្យឣ្នកដទៃឣាចបានទទួលផលប្រយោជន៍ឣំពីបច្ចេកទេសវិបស្សនានេះផងដែរ’។
ជាសង្ខេប
ដើម្បីបំភ្លឺឲ្យបានច្បាស់ឣំពីគោលគំនិតនៃច្បាប់វិន័យ និង បទបញ្ជាទាំងឣស់នេះ គេឣាចបង្រួមសេចក្តីដូចតទៅ៖
សូមប្រុងប្រយ័ត្នជានិច្ច ដោយមិនធ្វើឣំពើឣ្វីដែលនាំឲ្យរំខានដល់ឣ្នកដទៃ។ សូមកុំយកចិត្តទុកដាក់នឹងឣំពើបន្លែបន្លប់របស់ឣ្នកដទៃ។
សិស្សឣាចមិនយល់ហេតុសំអាងនៃការឣនុវត្តចំណុចខ្លះរបស់វិន័យដែលមានចែងខាងលើនេះ។ ដូច្នេះ ជាជាងបណ្តោយឲ្យភាពឣកុសល និង ការសង្ស័យកើតឡើង សិស្សត្រូវតែសុំឲ្យគ្រូជួយពន្យល់បំភ្លឺភ្លាមមួយរំពេច។
គឺមានតែការប្រកាន់វិន័យ និង ការខំប្រឹងប្រែងជាឣតិបរមាទេ ដែលឣាចនាំសិស្សឲ្យយល់ច្បាស់ល្អផង, ឲ្យបានទទួលប្រយោជន៍ពីការបដិបត្តិនេះផង។ ការដែលត្រូវសង្កត់ក្នុងឱកាស ១០ ថ្ងៃនេះគឺ ការបដិបត្តិ។ វិន័យល្អប្រសើរគឺធ្វើការហាក់បីដូចជាយើងនៅតែម្នាក់ឯង ដោយផ្ចង់ចិត្តទៅខាងក្នុង ដោយមិនយកចិត្តទុកដាក់ទៅលើឣំពើបន្លែបន្លប់ ព្រមទាំងការរំខានទាំងឡាយដែលឣាចជួបប្រទះ។
ជាឣវសាន សិស្សទាំងឡាយត្រូវដឹងថា ការរីកចម្រើនក្នុងមាគ៌ាវិបស្សនា ឣាស្រ័យតែទៅលើគុណសម្បត្តិ និង ការរីកចម្រើនផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ព្រមជាមួយគ្នានេះដែរ ការរីកចម្រើននឹងកើតមានឡើងបាន ឣាស្រ័យទៅលើកត្តា ៥ យ៉ាងដូចតទៅនេះទៀតគឺ៖ ការប្រឹងប្រែងយ៉ាងខ្លាំង, សទ្ធា, សេចក្តីស្មោះត្រង់, សុខភាព និង បញ្ញា។
សូមឲ្យព័ត៌មានច្បាប់វិន័យ និង ការណែនាំខាងលើនេះ ជួយឣ្នកឲ្យទទួលបាននូវផលប្រយោជន៍ជាឣតិបរមា។ យើងមានសេចក្តីរីករាយណាស់ ដោយមានឱកាសបម្រើឣ្នកនៅពេលនេះ ហើយសូមជូនសព្វសាធុការពរ សូមឲ្យឣ្នកបានប្រកបតែនឹងសន្តិភាព សុខដុមរមនា ដែលកើតឡើងដោយសារការពិសោធន៍នៃវិបស្សនាកម្មដ្ឋាននេះ។
កាលវិភាគធម្មសិក្សា
កាលវិភាគសម្រាប់ធម្មសិក្សាដូចមានខាងក្រោមនេះបានរៀបចំឡើងដើម្បីរក្សាស្ថិរភាពនៃការបដិបត្តិឲ្យបានជាប់ជានិច្ច។ សិស្សត្រូវទទួលធ្វើតាមឲ្យបានដិតដល់ដើម្បីឲ្យបានលទ្ធផលល្អជាទីបំផុត។
នៅម៉ោង ៤ព្រឹក ស្នូរជួងដាស់ឲ្យភ្ញាក់
ពីម៉ោង ៤:៣០ ទៅ ៦:៣០ ចម្រើនធម៌នៅលំនៅផ្ទាល់ខ្លួន ឬ នៅធម្មសាលស្របតាមបញ្ជាគ្រូ
ពីម៉ោង ៦:៣០ ទៅ ៨:០០ ស្រស់ស្រូបពេលព្រឹក និង សម្រាក
ពីម៉ោង ៨:០០ ទៅ ៩:០០ ចម្រើនធម៌ជុំគ្នានៅធម្មសាល
ពីម៉ោង ៩:០០ ទៅ ១១:០០ ចម្រើនធម៌នៅលំនៅផ្ទាល់ខ្លួន ឬ នៅធម្មសាលស្របតាមបញ្ជាគ្រូ
ពីម៉ោង ១១:០០ ទៅ ១២:០០ បាយថ្ងៃត្រង់ និង សម្រាក
ពីម៉ោង ១២:០០ ទៅ ១៣:០០ សម្រាក និង សម្ភាសន៍ជាមួយគ្រូ
ពីម៉ោង ១៣:០០ ទៅ ១៤:៣០ ចម្រើនធម៌នៅលំនៅផ្ទាល់ខ្លួន ឬ នៅធម្មសាល
ពីម៉ោង ១៤:៣០ ទៅ ១៥:៣០ ចម្រើនធម៌ជុំគ្នានៅធម្មសាល
ពីម៉ោង ១៥:៣០ ទៅ ១៧:០០ ចម្រើនធម៌នៅលំនៅផ្ទាល់ខ្លួន ឬ នៅធម្មសាលស្របតាមបញ្ជាគ្រូ
ពីម៉ោង ១៧:០០ ទៅ ១៨:០០ សម្រាក អាហារល្ងាច (សិស្សថ្មី) ភេសជ្ជ: តែ (សិស្សចាស់)
ពីម៉ោង ១៨:០០ ទៅ ១៩:០០ ចម្រើនធម៌ជុំគ្នានៅធម្មសាល
ពីម៉ោង ១៩:០០ ទៅ ២០:១៥ ធម្មទេសនាពេលល្ងាចនៅធម្មសាល
ពីម៉ោង ២០:១៥ ទៅ ២១:០០ ចម្រើនធម៌ជុំគ្នានៅធម្មសាល
ពីម៉ោង ២១:០០ ទៅ ២១:៣០ ពេលសួរគ្រូនៅធម្មសាល
នៅម៉ោង ២១:៣០ ចូលដំណេក ពន្លត់ភ្លើង
No comments:
Post a Comment